ថ្ងៃនេះ ខ្ញុំសូមបញ្ជាក់ជូនថា ករណីមានជនស៊ីវិលបន្លំខ្លួនជាសមត្ថកិច្ច ក្លែងឯកសារសាធារណៈឬបណ្ណសម្គាល់ខ្លួនជាសមត្ថកិច្ច គ្រងឯកសណ្ឋានសមត្ថកិច្ចខុសច្បាប់ឬក្លែងឯកសណ្ឋានសមត្ថកិច្ច…ទាំងនេះគឺជាបទល្មើសព្រហ្មទណ្ឌ។ ហើយបើទៅធ្វើសកម្មភាពឃាត់សាកសួរ ឆែកឆេរ សំឡុតគំរាមកំហែង ឬចាប់ នាំខ្លួនពលរដ្ឋណាម្នាក់ដោយខុសច្បាប់…ដើម្បីទាញប្រយោជន៍ពីពលរដ្ឋនោះ ទាំងនេះគឺជាបទល្មើសព្រហ្មទណ្ឌ។ ក្នុងករណីនេះ ខ្ញុំសូមឱ្យអាជ្ញាធរ សមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ ត្រូវចាត់ការជំនាញ នីតិវិធី ស៊ើបអង្កេតស្រាវជ្រាវ កំណត់មុខសញ្ញា និងចាប់ខ្លួនបុគ្គលល្មើសទាំងនោះ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមច្បាប់ជាដាច់ខាត។
ដោយឡែកពីនេះ ប្រសិនបើមន្ត្រីចំណុះក្រសួងមហាផ្ទៃ ដោយគ្មានភារកិច្ច ប្រព្រឹត្តផ្ទុយពីច្បាប់ ទៅឃាត់ពលរដ្ឋស្លូតត្រង់ សាកសួរ ឆែកឆេរ សំឡុត គំរាមកំហែង ចាប់ នាំខ្លួន ទោះយកទៅកន្លែងណាក៏ដោយ ដើម្បីដាក់កំហិត បង្ខិតបង្ខំ បំភ័យឱ្យខ្លាច ទាមទារឱ្យពលរដ្ឋនោះផ្ដល់ផលប្រយោជន៍ណាមួយដល់ខ្លួន ឬក្រុមខ្លួន ជាពិសេសក្នុងទម្រង់«ធ្វើស៊ី»ជាដើមនោះ ទាំងនេះ គឺជាសកម្មភាពល្មើសវិន័យ និងជាបទល្មើសព្រហ្មទណ្ឌ ដែលត្រូវអនុវត្តច្បាប់ មិនលើកលែង។ ពោលគឺ ត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ និងជាពិសេសត្រូវកសាងសំណុំរឿង ពន្លាតការស៊ើបអង្កេត ដោយបញ្ជូនសំណុំរឿងទៅអង្គភាពប្រឆាំងអំពើពុករលួយចាត់ការបន្តដោយគ្មានការលើកលែង ឬយោគយល់ឡើយ។
ជារួម ខ្ញុំសូមថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ចំពោះមតិយោបល់ ការស្នើសុំ ឬសំណូមពរពីបងប្អូនជនរួមជាតិគ្រប់មជ្ឈដ្ឋាន។ ជាមួយគ្នានេះ ខ្ញុំមានភាពចាំបាច់ ត្រូវបញ្ជាក់ជូនសាធារណជន អាជ្ញាធរ មន្រ្តីពាក់ព័ន្ធ ពិសេសកម្លាំងនគរបាលជាតិ ឱ្យបានជ្រាបដូចខាងក្រោម៖
ទី១-ក្នុងករណីជួប ឬប្រទះឃើញ ឬមានតម្រុយព័ត៌មាន អំពីករណីមានជនស៊ីវិលប្រព្រឹត្តសកម្មភាពដូចបានបញ្ជាក់ខាងលើ សូមបងប្អូនប្រញាប់រាយការណ៍ ដាក់ពាក្យប្ដឹងទៅកាន់អាជ្ញាធរ ឬអង្គភាពនគរបាលដែលនៅជិតបំផុត ដូចជា ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ អធិការដ្ឋានក្រុង-ស្រុក-ខណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ហើយអង្គភាពមានសមត្ថកិច្ចទាំងនេះ ត្រូវទទួលនិងចាត់ការពាក្យប្ដឹងនេះជាដាច់ខាត។
ទី២-ដូចគ្នាដែរ ប្រសិនបើមានកម្លាំងនគរបាល ឬមន្រ្តីពាក់ព័ន្ធក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងក្រោមជាតិ ប្រព្រឹត្តសកម្មភាពដូចបានបញ្ជាក់ខាងលើ ពិសេសបានចុះបង្ក្រាបដោយបន្លំភស្តុតាង ឬបង្កើតព័ត៌មានដាក់បន្ទុក លើបងប្អូនដែលគ្មានកំហុសសោះឱ្យទៅជាពាក់ព័ន្ធបទល្មើស សូមបងប្អូនប្រញាប់រាយការណ៍ ដាក់ពាក្យប្ដឹង ទៅកាន់អាជ្ញាធរ ឬអង្គភាពនគរបាលនៅជិតបំផុត ដូចជាប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ អធិការដ្ឋាននគរបាលក្រុង-ស្រុក-ខណ្ឌ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ហើយអង្គភាពមានសមត្ថកិច្ចទាំងនេះ ត្រូវតែទទួលនិងចាត់ការពាក្យប្ដឹងជាដាច់ខាត។
លើសពីនេះ ក្នុងករណីចាំបាច់ ខ្ញុំសូមលើកទឹកចិត្តបងប្អូន រាយការណ៍តាមប្រព័ន្ធទទួលពាក្យបណ្ដឹងអនឡាញ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ តាមរយៈតំណភ្ជាប់ https://css-gdin.interior.gov.kh/home ។
សូមអរគុណ!
https://www.facebook.com/share/p/18VYfBdwhE/
🌐 https://www.tiktok.com/@gdicambodia
🌐 https://t.me/GDIOfficial
🌐 https://www.facebook.com/GDIOfficial/
🌐 www.immigration.gov.kh










