គណៈកម្មការទី១ នៃរដ្ឋសភា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដើម្បីពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅបន្ត
------------------
ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារបន្តរបស់ក្រសួង។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម សរ ចំរុង បានបញ្ជាក់ថា ក្រសួងអធិការកិច្ចដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើជាឆ្អឹងខ្នងនៃការគ្រប់គ្រងរដ្ឋបាលឱ្យមានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព ពោលគឺការពិនិត្យ ផ្តល់យោបល់ជូនរាជរដ្ឋាភិបាល លើកកម្ពស់អភិបាលកិច្ច និងពង្រឹងភាពស្អាតស្អំក្នុងវិស័យសាធារណៈ ដើម្បីឧត្តមប្រយោជន៍ប្រទេស ជាតិ។ កិច្ចពិភាក្សានេះធ្វើឡើងស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ព្រមទាំងអនុវត្តតាមអភិក្រមទាំង៥គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់»។
ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈកម្មការ បានលើកឡើងថា ដើម្បីធានាបាននូវស្ថិរភាពនយោបាយ និងការកសាងទំនុកចិត្តសាធារណៈ ការវិភាគគោលនយោបាយនេះ បានផ្តល់អនុសាសន៍ឱ្យអនុវត្តនូវ «យុទ្ធសាស្ត្រគួបផ្សំតាមដំណាក់កាល» ដោយចាប់ផ្តើមពីការបង្កើតស្តង់ដារប្រតិបត្តិការអធិការកិច្ច ដើម្បីពង្រឹងវិន័យរដ្ឋបាល បន្ទាប់មកជំរុញការធ្វើបរិវិត្តកម្មឌីជីថល ដើម្បីបង្កើនតម្លាភាព និងឈានទៅសម្រេចការធ្វើវិមជ្ឈការមុខងារ ទៅថ្នាក់ក្រោមជាតិក្នុងរយៈពេលវែង។ ការបង្កើតអនុភាពរួមរវាងនីតិវិធីច្បាស់លាស់ និងបច្ចេកវិទ្យាទំនើប គឺជាសសរទ្រូងគន្លឹះក្នុងការបំប្លែង ប្រព័ន្ធអធិការកិច្ចកម្ពុជា ទៅជាឧបករណ៍អភិបាលកិច្ចដ៏មានប្រសិទ្ធភាព និងធានាបាននូវសន្តិសុខសង្គម ប្រកបដោយចីរភាព។
ឯកឧត្តម សរ ចំរុង មានជំនឿថា ការពង្រឹងវិស័យអធិការកិច្ចនឹងជួយកសាងទំនុកចិត្តដល់វិនិយោគិន និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ ក្នុងន័យនេះ រដ្ឋសភា និងរាជរដ្ឋាភិបាលត្រូវបន្តសហការគ្នាយ៉ាងមុតមាំ ដោយយកប្រជាជនជាស្នូល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពពលរដ្ឋ។
ជាការឆ្លើយតប ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានជម្រាបជូនយ៉ាងលម្អិតអំពីបេសកកម្ម និងការងារស្នូលរបស់ក្រសួង ព្រមទាំងបានគូសបញ្ជាក់ពីទិសដៅយុទ្ធសាស្ត្រចម្បងៗ ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍស្ថាប័នសាធារណៈ។ ក្នុងនោះ ឯកឧត្តមបានលើកឡើងជាសំខាន់អំពីការដាក់ចេញនូវយុទ្ធសាស្ត្រ «ព៤ជ៤» ដែលជាផែនទីចង្អុលផ្លូវមានចក្ខុវិស័យវែងឆ្ងាយ និងបេសកកម្មច្បាស់លាស់ សំដៅធានាឱ្យបាននូវគុណភាព តម្លាភាព គណនេយ្យភាព និងការកសាងទំនុកចិត្តពេញលេញជូនប្រជាពលរដ្ឋ។
បើតាមការគូសបញ្ជាក់បន្ថែមពីរដ្ឋមន្ត្រីក្រសួងអធិការកិច្ច កំឡុងពេលចុះបេសកកម្មធ្វើអធិការកិច្ចនៅតាមបណ្តាក្រសួង-ស្ថាប័ន សហគ្រាសសាធារណៈ និងអង្គភាពពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងក្រោមជាតិ សរុបចំនួន ២,៨០៧ អង្គភាព កន្លងមកនេះ ក្រុមការងារជំនាញបានរកឃើញក្រសួង-ស្ថាប័ន និងអង្គភាពរងអធិការកិច្ចសរុប ១,២១៦ អង្គភាព ដែលចាំបាច់ត្រូវធ្វើការកែលម្អ និងស្ដារឡើងវិញនូវកម្សោយនានា។
ដោយឡែក ពាក់ព័ន្ធនឹងកិច្ចការងារទទួលពាក្យបណ្តឹងវិញ ឯកឧត្តម សុខ សូកេន បានគូសបញ្ជាក់ថា ដើម្បីបង្កើនភាពងាយស្រួល និងធានាបាននូវប្រសិទ្ធភាពខ្ពស់ជូនសាធារណជន ក្រសួងបានរៀបចំយន្តការទទួលពាក្យបណ្ដឹងយ៉ាងសម្បូរបែប ដោយរាប់ចាប់ពីការរៀបចំទីតាំងទទួលពាក្យបណ្តឹងផ្លូវការ ការដាក់ប្រអប់សំបុត្រទទួលពាក្យបណ្តឹងអនាមិក ការទទួលពាក្យដោយផ្ទាល់ រហូតដល់ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទទួលពាក្យបណ្តឹងតាមអនឡាញ (Online) ផងដែរ។
ជាចុងបញ្ចប់ គណៈកម្មការទី១ នៃរដ្ឋសភា បានបញ្ជាក់ជាថ្មីនូវការបន្តគាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអធិការកិច្ច ដើម្បីរួមចំណែកជំរុញកំណែទម្រង់រដ្ឋបាល និងពង្រឹងភាពជាអ្នកដឹកនាំប្រកបដោយគណនេយ្យភាព ស្របតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ៕
😍 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
😒
https://www.facebook.com/CambodiaAssembly😏
https://t.me/nac_cam😟
https://www.instagram.com/national.assembly/😱
https://x.com/assemblycam?s=21😎
https://www.tiktok.com/@national.assembly?_t=8j2nnh9CZG5&_r=1🙁
https://youtube.com/@nationalassemblyofcambodia?si=5ep5emGTbUBv4Nk7🌐
https://www.na.gov.kh/